កម្ពុជាសម័យចតុមុខ
នៅឆ្នាំ ១៤៣១ ព្រះបាទពញាយ៉ាត ទ្រង់បានលើករាជធានីពីអង្គរ ទៅតាំងនៅ ទួលបាសាន ក្នុង ខេត្តស្រីសឈរ (កំពង់ចាម) វិញ។ តែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ ព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពី ទួលបាសាន ទៅតាំងនៅចតុមុខវិញ។ ក្រោយពីការកសាងរាជធានីរួចរាល់ ព្រះរាជាទ្រង់តាំងប្រទាននាមឲ្យព្រះនគរថា៖ ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។
ការកសាងភ្នំដូនពេញ
រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្ត្រ នៃក្រុងភ្នំពេញដោយមានសេចក្ដីសម្រួលដូចតទៅ៖ ក្នុងកាលដែលកន្លងយូរទៅហើយ មានស្ត្រីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ដែលអ្នកផងហៅថា ដូនពេញ ។ ផ្ទះគាត់តាំងនៅលើទួលខ្ពស់មួយនៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។ នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបោកច្រាំងរលំដើមគគីរជាច្រើន ហើយអណ្ដែតបណ្ដោយទឹកតាមទន្លេមេគង្គរហូតមកដល់់ទន្លេច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួយ បានអណ្ដែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូកទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅគលគគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួកអ្នកស្រុកបានដង្ហែ រូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដី ពូនដំបូកធំខាងឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូចមួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបទៅតំកល់នៅក្នុងព្រះវិហារនោះនៅក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩១៦ គ.ស. ១៣៧២ ។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងទិសឦសានព្រះវិហារ រួចយកបដិមាថ្មទៅតំកលទុកនៅទីនោះ ហើយបានសន្មតថាអ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃហៅថា លោកតាព្រះចៅ) ។ ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារព្ធធ្វើឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈយ៉ាងអធិកអធម ។ ដោយអាស្រ័យហេតុនេះ ភ្នំនោះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗ ទៅក្លាយនៅត្រឹមតែ ភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សាវតារ និងអត្ថបទចម្លងតៗ មកទៀត និយាយមិនស្របគ្នាសោះ ខ្លះថាមានព្រះពុទ្ធបដិមា៤អង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខនិងគទា (ព្រះនរាយណ៍?) ខ្លះថាមានព្រះពុទ្ធរូបពីរព្រះអង្គមានព្រះភ័ក្ត្រឈមជា ៤ទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គមានព្រះភ័ក្ត្រ៤ តាំងសមាធិនិងរូបសិលា១ដៃកាន់ស័ង្ខមានផ្នួងសក់ ដូចជាព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែលមានតំកល់ក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឺស្ឋ (ខ្នង) នឹងគ្នា ។[១]
ការកសាងរាជធានីចតុមុខ
ក្នុងភាគ១ យើងបានឃើញថានៅគ.ស.១៤៣១ ព្រះបាទបរមរាជាចៅពញាយ៉ាត ទ្រង់បានលើករាជធានីទៅតាំងនៅទួលបាសានក្នុងខេត្ត ស្រីសឈរវិញ តែគង់នៅទីនោះបានតែ ១ឆ្នាំ (ក្បួនខ្លះថាដល់៩ឆ្នាំ) ដោយមានទឹកជំនន់ធំខុសធម្មតា ព្រះអង្គក៏បញ្ជាអោយលើករាជធានីពីទួលបាសានទៅតាំងនៅក្រុងភ្នំពេញវិញ នៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម ។ ព្រះអង្គទ្រង់ត្រាស់បង្គាប់អោយ សម្ដេចចៅពញាកែ និង ឧកញ៉ាហោរាធិបតីខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផងអោយ ទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតៗភ្នំដូនពេញ ។ លុះទៅធ្វើការពិនិត្យក្បួនតម្រាសព្វគ្រប់ហើយ មន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថា តំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំដូនពេញ មានជ័យភូមិល្អល្មមស្ថាបនារាជធានីបាន ។ ព្រះអង្គក៏ទ្រង់ត្រាស់អោយអស់ចៅហ្វាយស្រុកកែនរាស្ត្រ មកជួយកសាងព្រះរាជនិវេសន៍ លើកដីធ្វើកំពែង សង់ប្រាសាទ និងតំណាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុត ។ លុះកិច្ចការបានបំពេញចប់សព្វគ្រប់ហើយ ព្រះអង្គក៏បានយាងមកគង់នៅរាជវាំងភ្នំដូនពេញតាមផ្លូវទឹកដោយមាននាម៉ឺនសព្វមុខមន្ត្រីដង្ហែមកផង ។ លុះយាងមកដល់ហើយ ព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ ចៅពញាតេជោ ចៅហ្វាយស្រុកខេត្តសំរោងទង អោយកែនរាស្ត្រលើកដីចាក់បំពេញតំបន់នៅជុំវិញវត្តភ្នំ និងក្នុងរាជវាំង ។ ដូច្នេះតំបន់នោះក៏បានរាបស្មើល្អ រហូតដល់មាត់ទន្លេដែលអ្នកផងនិយមហៅកំពង់រាប ចាប់តាំងពីពេលនោះមក ។ ឯទីដែលចៅពញាតេជោអោយរាស្ត្រជីកយកអាចម៍ដីនោះ ក៏ក្លាយទៅជាបឹងមួយធំជ្រៅទូលាយទើបបានគេអោយឈ្មោះហៅ បឹងតេជោ តរៀងមក គឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃ ។ តមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់ ឧកញ៉ាវង្សាអនុជិតផ្លុង ចៅហ្វាយស្រុកខេត្តបាទីអោយជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយ នៅក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ដល់ប្រជារាស្ត្រទាំងអស់គ្នា ព្រែកនោះគេហៅថា ព្រែកឧកញ៉ាផ្លុង ។ បើតាមស្រាវជ្រាវទៅឃើញថាពីដើមព្រែកនេះស្ថិតនៅតាមបណ្ដោយសួនច្បារនៅមុខស្ថានីយកណ្ដាលនៃអយស្ម័យយាន គឺស្របនឹងវិថីឧកញ៉ាផ្លុងសព្វថ្ងៃនេះឯង ។ ដើម្បីជាកិច្ចការពារ ព្រះរាជាទ្រង់បញ្ជាអោយជីកគូ និងលើកដីកំពែង តាំងជាសើន ជាបន្ទាយព័ទ្ធជុំវិញរាជធានី ។ ដូច្នេះ នៅទិសខាងត្បូងគឺ ព្រែកតាកែវ ខាងលិច ព្រែកអូគរ ខាងជើង ព្រែកពោងពាយ ឬ ព្រែកចិនដំដែក ព្រោះនៅកន្លែងនោះមានជនជាតិចិនរកស៊ីរបរដំដែក ។ ក្រៅពីមុខងារការពារក្រុង ព្រែកទាំងនោះនៅមានមុខងារសំខាន់ម្យ៉ាងទៀតគឺយកទឹកសម្រាប់អោយរាស្ត្រធ្វើស្រែនៅទិសខាងលិច ។ ពួកនាម៉ឺនសព្វមុខមន្ត្រី និងពួកប្រជារាស្ត្របានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃរាជធានី ។ លុះសម្រេចការកសាងហើយ ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថា ក្រុងចតុមុខមង្គល សកលកម្ពុជាធិបតី សិរីធរ បវរ ឥន្ទបត្តបុរី រដ្ឋរាជ សីមា មហានគរ ។ ចំណែកឯទន្លេច្រាបឈាម ក៏ត្រូវបានប្រសិទ្ធិនាមថ្មីថា ទន្លេចតុមុខ វិញដែរ ។ ក្រោយបន្តិចមក ព្រះរាជបុត្រច្បងព្រះនាម នរាយណ៍រាជា ទ្រង់បានតែងតាំងជាឧបរាជ ហើយយាងទៅគង់ក្នុងព្រះតំណាក់នៅ ជ្រោយរលួស ។ ឯព្រះរាជបុត្រទីពីរព្រះនាម ស្រីរាជា យាងទៅគង់នៅខាងលិច ត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថា ទួលព្រះស្រី (ម្ដុំវត្តព្រះពុទ្ធមានបុណ្យសព្វថ្ងៃ) ។ នៅគ្រានោះ ព្រះវិហារកសាងឡើងដោយដូនពេញក៏បានទ្រុឌទ្រោមខ្លះទៅតាមកាលវេលា ។ ព្រះបាទបរមរាជាចៅពញាយ៉ាតទ្រង់បានកសាងវិហារនោះជាថ្មីឡើងវិញ ដោយពង្រីក និងពូនភ្នំដើអោយកាន់តែខ្ពស់ជាងដើម ហើយទ្រង់ចាត់អៅយក្រាលថ្មនៅកំពូលខាងលើ និងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារ ។ រួចព្រះអង្គទ្រង់បញ្ជាអោយទៅយកព្រះពុទ្ធបដិមាលង្ហិនដែលសេសសល់នៅនគរវត្ត ព្រមទាំងរូបសិង្ហតោ មកតំកល់និងតាំងនៅលើភ្នំនោះ ។ ពិធីត្រូវធ្វើអស់រយៈពេលបីថ្អៃ គេយកព្រះពុទ្ធបដិមាដែលដូនពេញបានរកឃើញពីក្នុងដើមគគីរពីមុននោះទៅតំកល់ក្នុងជាន់ខាងលើនៃចេតិយធំ ឯព្រះពុទ្ធបដិមាដែលយកពីនគរវត្ត ត្រូវបានតំកល់នៅក្នុងជាន់ក្រោម ។ វត្តភ្នំដូនពេញត្រូវប្រសិទ្ធិនាមថ្មីថា វត្តព្រះចេតិយបព៌ត វិញ ។ ក្រៅពីនេះ ព្រះរាជាទ្រង់បានចាត់អោយកសាងវត្តអារាម នៅច្រើនកន្លែងក្នុងរាជធានី : វត្តពីរនៅខាងកើតវត្តភ្នំគឺ វត្តធម្មលង្កា និង វត្តកោះ វត្តមួយនៅខាងត្បូងអូរចិនដំដែកគឺ វត្តព្រះពុទ្ធយោសា (សព្វថ្ងៃហៅ វត្តព្រះពុទ្ធយោសារាម ឬ វត្តចិនដំដែក នៅជាប់នឹងវត្ត ពិភទ្ទរង្សីមានវិថីឧកញ៉ាអ៊ុំខ័ណ្ឌកណ្ដាល ។ នៅខាងមុខព្រះវិហារវត្តនេះ សព្វថ្ងៃគេឃើញមានរូបទ្វារបាលពីរនាក់ជារូបចិនដែលគេអាចមើលស្គាល់យ៉ាងងាយ ដោយសារលក្ខណៈ មុខមាត់ សម្លៀកបំពាក់និងគ្រឿងអាវុធ) វត្តមួយនៅត្រង់មាត់ទន្លេក្បែរពាកព្រែកឧកញ៉ាផ្លុងគឺ វត្តពាមផ្លុង វត្តមួយនៅត្រង់ចេតិយធំ វត្តឧណ្ណាលោមហើយវត្តមួយទៀតហៅ វត្តខ្ពបតាយ៉ង ។ គួរគប្បីកត់សំគាល់ថាវត្តចុងក្រោយនេះ សព្វថ្ងៃស្ថិតនៅត្រង់វត្តបទុមវតី ។ បើតាមអក្សរចារឹកតំកល់នៅទីនោះ ព្រហបាទបរមរាជាចៅពញាយ៉ាតបានសាងវត្តនេះនៅ គ.ស.១៤៤២ លើទីមួយមានទំហំ ២០២ម X ២៦០ម ។ វត្តនេះគេហៅថា វត្តខ្ពបតាយ៉ង ព្រោះនៅខាងត្បូងមាន ខ្ពបរបស់តាយ៉ង ។ ព្រះវិហារវត្តនេះត្រូវបានកសាងថ្មីពីរលើកទៀត៖លើកទី១ នៅគ.ស. ១៨៦៥ ក្នុងរជ្ជកាលព្រះបាទសម្ដេចនរោត្តម លើកទី២ នៅគ.ស.១៩៣៧ ក្នុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិមុនីវង្ស ។ គួរគប្បីជ្រាបម្យ៉ាងទៀតថា វត្តឧណ្ណាលោមនៅរក្សាឈ្មោះដដែលតាំងពីពេលកសាងរហូតមកដល់សព្វថ្ងៃ ហើយឈ្មោះនេះត្រូវបានប្រសិទ្ធឡើងដោយយកតាមឈ្មោះចេតិយដែលគេបញ្ចុះព្រះឧណ្ណាលោម គឺរៀមប្រជុំចិញ្ចើមនៃព្រះ អស្សជិតត្ថេរ ។ នៅខាងមុខវត្តនេះ គឺនៅជិតមាត់ទន្លេ ព្រះរាជាទ្រង់អោយសាងឃ្លាំងមឿងមួយ (អ្នកតាចាំស្រុក) ឈ្មោះ អ្នកតាប្រាជ្ញ ។[២]
សង្គ្រាមរំដោះយកអាណាខេត្តខ្មែរទិសខាងលិចពីសៀម
ព្រះស្រីរាជា ជាព្រះអនុជព្រះបាទនរាយណ៍រាជា(បុត្រច្បងនៃព្រះបាទពញាយ៉ាត។ ក្រោយពីឡើងស្នងរាជ្យនៅ១៤៦៩មក ជានិច្ចកាលតែចិញ្ចឹមចិត្ត ដឹកនាំប្រទេសជាតិឲ្យបានថ្កុំថ្កើងរុងរឿងសម្បូណ៍សប្បាយ។ ព្រះអង្គមានមនសិការជាតិខ្ពស់ ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងទៅ។ ព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ ឲ្យមាំមួន និងបានកសាងកម្លាំងទ័ពទាំងជើងគោក ទាំងជើងទឹក ព្រមទាំងភ័ស្តុភារសឹក ស្បៀង និងទ័ពបម្រុងឲ្យខ្លាំងពូកែ និងស្ទាត់ជំនាញ។
នៅឆ្នាំ១៤៧៥ ព្រះបាទស្រីរាជា បានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរ ដែលសៀមយកក្នុងរជ្ជកាលព្រះរាជាមុនៗមកវិញ។ ទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯង ហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយ ឲ្យកម្លាំងទ័ព និងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខ រីឯព្រះធម្មរាជាដែលជាឧបរាជ និងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខ។ កងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសំដៅទៅទិសខាងលិច ហើយបានកម្ចាត់ពួកសៀមឈ្លានពាន ឲ្យចេញផុតពីទឹកដីខ្មែរ រួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជា នគររាជសីមា បស្ចិមបុរី រយ៉ង និងចន្ទបុរី។ នៅក្នុងចម្បាំងរំដោះ យកអាណាខេត្តទាំងប៉ុន្មានខាងលើនេះ ព្រះរាជាទ្រង់សប្បាយរីករាយណាស់ ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះ បានងើបឡើងពួតកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិ។ ជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនោះបានជម្រុញឲ្យព្រះរាជាខ្មែរសម្រេចព្រះទ័យវាយកម្ទេចកម្លាំងទ័ពជាតិសៀម ឲ្យរលាយអស់ក្នុងពេលនោះតែម្ដង។ ក្រោយពីសម្រេចព្រះទ័យដូចនោះហើយ ព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យា។ ទីក្រុងអយុធ្យាត្រូវឡោមព័ទ្ធ ព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនេះចោល។ ប៉ុន្តែពេលនោះ ដោយឧកញ៉ាចក្រីម៉ន ដែលជាប្រមុខទ័ព បានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់ និងដោយកងទ័ពខ្មែរថមថយកម្លាំង ផែនការរំលាយរាជធានីសៀមក៏ត្រូវអាក់អន់។ ទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើង។ ដូចនេះ ផែនការរំដោះយកខេត្តខាងលិចដែលសៀមបានទន្ទ្រានយកកន្លងមកនោះ ត្រូវរលាយអស់ទៅវិញ។
អន្តរាគមន៍របស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរ
ក្បួនរាជពង្សាវតារផ្សេងៗ សុទ្ធតែបាននិយាយពីអន្តរាគមន៍របស់សៀម ក្នុងជម្លោះរវាងស្ដេចខ្មែរប៉ុន្តែរបៀបធ្វើអន្តរាគមន៍នោះឃើញថា មានបែបផែនខុសៗគ្នា ។
ក្បួនខ្លះបញ្ជាក់ថា គឺព្រះធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកម្នាងសៀមស្រងៀមនេះឯងដែលទៅពឹងកម្លាំងសៀមដើម្បីដោះស្រាយបញ្ហាចម្បាំងក្នុងគ្រួសារផង និងដើម្បីបានសោយរាជ្យតែម្នាក់ឯងផង ។
នៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះ ព្រះអង្គម្ចាស់ស្រីសុរិយោទ័យជាក្មួយរបស់ព្រះអង្គ(បុត្រព្រះនារាយណ៍រាជា) មានគំនិតក្បត់ ហើយគេចខ្លួនចេញពីរាជធានីចតុមុខ ទៅបំបះបំបោរប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំ ទន្លេមេគង្គ។ ក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រា មានខេត្តស្រីសឈរ ត្បូងឃ្មុំ បាភ្នំ ដូនណៃ … ។ បន្ទាប់មក កងទ័ពស្រីសុរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជា កំពង់សៀម ស្ទឹងត្រង់ ជើងព្រៃ បារាយណ៍ ជាដើម។ បណ្ដាខេត្តដែលកងទ័ពស្រីសុរិយោទ័យវាយទន្ទ្រានយកបាន ត្រូវបានបង្កើតជាតំបន់អបគមន៍មួយដែលមានឈ្មោះថា អាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរ។ លុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយ ស្រីសុរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅស្កាត់ផ្លូវព្រះបាទស្រីរាជា ជាម្ចាស់ទឹកដីថែមទៀត។ រីឯព្រះពញាធម្មរាជា ដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព័ត៌មានសព្វគ្រប់ទៅព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពឡើងទៅវាយខ្ទប់ទ័ពក្បត់ស្រីសុរិយោទ័យពីខាងជើងមកវិញ។ ដោយទទួលព័ត៌មាននេះ ព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀម ហើយព្រះអង្គក៏លើករេហ៍ពលមកធ្វើសង្គ្រាមជាមួយស្រីសុរិយោទ័យវិញ តាមផែនការចម្បាំងស្នើឡើង ដោយពញាធម្មរាជា។ មកដល់ខេត្តបរិបូរណ៍ ព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើង ហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោរ ឲ្យបាក់រត់ចេញពីអាណាខេត្តខាងជើង ថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញ។ បន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀម ត្រៀមធ្វើសឹកសង្គ្រាមបន្តទៀត។
ក្នុងខណៈនោះដែរ ពញាធម្មរាជា ក៏បង្ហាញពុតត្បុតរបស់ខ្លួនឲ្យឃើញជាក់ស្ដែង ដោយបញ្ជូនរាជវង្សានុវង្ស ព្រះទាំងព្រះរាជទ្រព្យខ្លះទៀត ក្រៅពីលំពែង និងព្រះខ័នរាជ្យទៅថ្វាយព្រះបាទស្រីរាជា ហើយនិងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបាន។
ការបែកបាក់គ្នា និងចម្បាំងរាំងជលឥតឈប់ឈរ រវាងរាជវង្សានុវង្សខ្មែរនាពេលនោះ បានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរ ដូចជាចោរកម្ម ប្លន់កាប់សម្លាប់ ទុរភិក្ស ជំងឺរាតត្បាត។ នៅ ឆ្នាំ១៤៨៥ ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទាក់ទងជាសម្ងាត់ជាមួយស្ដេចសៀម ដើម្បីស្នើសុំជំនួយកម្លាំងយោធា។ ស្ដេចសៀមសព្វព្រះទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជា ដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំងបីអង្គដែលកំពុងទាស់ទែងគ្នា។
ក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខ ព្រះធម្មរាជា ក៏បានរៀបចំទទួលយ៉ាងអឹកធឹក ហើយយាងព្រះចៅចក្រពត្រាធិរាជ ចូលគង់ក្នុងដំណាក់វាំងភ្នំដូនពេញ។ បន្ទាប់មកសេនាបតីខ្មែរសៀម ក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជា និងព្រះបាទស្រីសុរិយោទ័យ។
កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជា និងស្ដេចសៀមចក្រពត្រាធិរាជមក ព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាម។ ព្រះបាទស្រីរាជាទ្រង់ឈ្វេងយល់ថា ត្រូវចងមេត្រីភាពវិញជាការគួរ ព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយ ឯបណ្ដាប្រជានុរាស្ត្រទៀតសោត ក៏រងគ្រោះ និងនឿយណាយក្នុងសង្គ្រាម។ ពេលនោះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំង។
ប៉ុន្មានថ្ងៃក្រោយមក កងទ័ពសៀមខ្មែរ ចេញពីចតុមុខក៏មកដល់កំពង់សៀម ហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំជិតទាំងអស់។ ពេលនោះឧកញ៉ាក្រឡាហោមម៉ឹង ក៏ចេញទៅជួបព្រះចៅចក្រពត្រា និងពញាធម្មរាជា ដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជា ដែលចង់សុំចងមេត្រីភាព។ ព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំង ហើយក៏សុំយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លា។ រួចហើយស្ដេចទាំងបីអង្គបានលើករេហ៍ពលចេញពីកំពង់សៀម មកតាំងនៅឧត្ដុង្គ ដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះ។
ក្នុងឱកាសបើកកិច្ចចរចាជាដំបូង ព្រះធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សារទំនាស់ក្នុងព្រះរាជវង្សខ្មែរ។ ស្ដេចសៀមព្រះចៅចក្រពត្រាក៏បានយល់ព្រម ហើយសម្រេចយកព្រះបាទស្រីរាជា និងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យា (ប្រទេសសៀម)។ ចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញ។ ព្រះបាទធម្មរាជា ត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជា ក្នុងឆ្នាំ១៤៨៦ នៅរាជធានីចតុមុខ។
ក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សារទំនាស់ក្នុងរាជវង្សខ្មែរមក ស្ដេចសៀមបានទាមទារយកខេត្ត ដែលព្រះបាទស្រីរាជាទើបរំដោះបាននោះទៅវិញទាំងអស់។ ដោយឈឺចិត្តចាញ់ឧបាយកលធម្មរាជាខ្លាំងពេក ព្រះបាទស្រីរាជាក៏ទ្រង់ប្រឈួនរួចសុគតនៅឯរាជធានីអយុធ្យា ដោយបន្សល់ទុកពញាអុងជាបុត្រផ្ញើនឹងព្រះចៅសៀម។ មួយឆ្នាំកន្លងមកព្រះស្រីសុរិយោទ័យក៏ចូលទិវង្គតបន្តទៀត។
ព្រះបាទធម្មរាជាចូលទិវង្គតនៅឆ្នាំ១៥០៤ ហើយរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជ្យស្នងព្រះអង្គ ដោយតែងតាំងព្រះអនុជអង្គចន្ទ ជាព្រះមហាឧបរាជ។ ក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយ ព្រះបាទស្រីសុគន្ធបទ ទ្រង់សព្វព្រះរាជហឫទ័យទៅគង់នៅវាំងទួលបាសាន ស្រុកស្រីសឈរ(ស្រីសន្ធរ) ឯព្រះមហាឧបរាជអង្គចន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខ។
នៅឯរាជវាំងទួលបាសាន ព្រះបាទស្រីសុគន្ធបទសព្វព្រះទ័យប្រពាតបឹង បង់សំណាញ់កំសាន្ត និងយាងចូលព្រៃបរបាញ់សត្វ។ ទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគ និងនាងបាន។ ក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯក ឯប្អូននាងពៅឈ្មោះកន ទ្រង់បានតែងតាំងជាមហាតលិក និងក្រោយមកទ្រង់តម្លើងយសក្តិ នាយកនជាឃុនហ្លួងព្រះស្តេច។ នៅឆ្នាំ១៥០៩ ព្រះបាទស្រីសុគន្ធបទទ្រង់កើតមន្ទិលសង្ស័យខ្លាចឃុនហ្លួងព្រះស្ដេចកនក្បត់ ជ្រែករាជ្យព្រះអង្គ។ ព្រះអង្គរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់នាយកនចោល តែការណ៍នោះត្រូវបែកធ្លាយដោយសារព្រះស្នំឯក ហើយនាយកនក៏ភៀសខ្លួនទៅកាន់អាណាខេត្តត្រើយខាងកើតបង្កជាកម្លាំងទ័ពប៉ុនប៉ងសងសឹកនឹងព្រះរាជាវិញ។ នៅបណ្ដាអាណាខេត្តត្រើយខាងកើត នាយកនបានប្រើល្បិចបញ្ឆោតចៅហ្វាយខេត្តនានាថា ខ្លួនទទួលបេសកកម្មពីព្រះបាទស្រីសុគន្ធបទ មកកែនទ័ពទៅកម្ចាត់មហាឧបរាជចន្ទរាជាដែលក្បត់រាជបល្ល័ង្ក ប្រាថ្នាសោយរាជ្យនៅចតុមុខ។ ដំណឹងនេះបានឮដល់ព្រះអង្គចន្ទ ធ្វើឲ្យព្រះអង្គនឹកស្មានថាព្រះបាទស្រីសុគន្ធបទជាព្រះរាម ចោទព្រះអង្គដូចការឃោសនារបស់ឃុនលួងព្រះស្ដេចកនមែន ក៏នាំញាតិវង្សានុវង្សភៀសទៅសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសសៀម។ បន្ទាប់ពីព្រះអង្គចន្ទ យាងចេញផុតទៅ នាយកនក៏ចាប់ផ្ដើមវាយលុកយកខេត្តនានាដែលនៅជិតរាជធានីទួលបាសាន។ កងទ័ពព្រះបាទស្រីសុគន្ធបទ ចេះតែដកថយ។ នៅឆ្នាំ១៥១២ ព្រះបាទស្រីសុគន្ធបទត្រូវកងទ័ពនាយកនធ្វើគុតនៅក្នុងបន្ទាយស្ទឹងសែន។
ក្រោយពីបានជ័យជំនះហើយ នាយកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដោយមានរាជនាមថា ព្រះស្រីជេដ្ឋាធិរាជរាមាធិបតី គង់នៅក្រុងស្រីសឈរ ហើយក្រោយមក នៅឆ្នាំ ១៥១៤ ព្រះបាទស្រីជេដ្ឋាធិរាជរាមាធិបតីបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំ និងខេត្តបាភ្នំ ត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថា ក្រុងស្រឡប់ពិជ័យព្រៃនគរ។ បីឆ្នាំក្រោយមក រាជធានីនេះមានប្រជារាស្ត្រមករស់នៅកុះករកាន់តែច្រើនឡើងជាងរាជធានីចាស់។ ប្រទេសជាតិបានទទួលសន្តិភាព ហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងពាណិជ្ជកម្ម។ ប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានបោះពុម្ពឲ្យប្រើពាសពេញផ្ទៃប្រទេស ដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុង និងក្រៅប្រទេស។ ប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុន ដោយសារវិធានការមួយចំនួនរបស់ស្ដេចកន ដូចជាបន្ធូរបន្ថយពន្ធដារ បន្ថយពិន័យ ព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុន។
សង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទ ឬព្រះចន្ទរាជា
ព្រះអង្គចន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល៨ឆ្នាំមកហើយ ក៏មិនខុសពីក្សត្រខ្មែរដទៃទៀតដែរ ក្រោមការឧបត្ថម្ភពីស្ដេចសៀម ព្រះអង្គទទួលភាពប្រណីតក្នុងជីវភាព។ ទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិ។ នៅឆ្នាំ១៥១៦ ព្រះអង្គចន្ទខិតខំរិះរកគ្រប់មធ្យោបាយ ចូលមកដណ្ដើមរាជ្យពីស្ដេចកនវិញ។ មុននឹងយាងចូលព្រះនគរវិញ ព្រះអង្គចូលជួបពញាអុង ត្រូវជាញាតិវង្ស ដែលមានព្រះអយ្យកោមួយជាមួយគ្នា(ទ្រង់ជាបុត្រព្រះស្រីរាជា) ទ្រង់ទូលថា អ្នកបងលែងគិតស្រុកយើងហើយឬ បានជាគង់នៅព្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកន យករាជសម្បត្តិបានដូចនេះ? ទ្រង់ពុំស្ដាយព្រះវង្សមហាក្សត្រ និងព្រះនគរទេឬ?
ព្រះពញាអុងទ្រង់ឆ្លើយថា អូនអើយ បងមកនៅក្រុងទេពនេះជាឈ្លើយព្រះពុទ្ធចៅទេ។ ព្រះពុទ្ធចៅស្ដេចពុំយកទៅសបង ស្ដេចប្រោសបងឲ្យបងគ្រងស្រុកសុវណ្ណខាក់លោកនេះ ជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយ។ បងបានប៉ុននោះហើយ បងក៏បានសុខណាស់ហើយ។ បើបងបានសុខដូចនេះហើយ បងនឹងគិតរកសុខឯណាទៀត។ ចំណែកឯស្រុកខ្មែរវិញ បងលែងនឹករឭកអាឡោះអាល័យហើយ តាមតែអ្នកអូនគិតគូរចុះ ... ។
តើសង្គ្រាមរវាងស្ដេចកន និងព្រះអង្គចន្ទផ្ដល់ផលវិបាកអ្វីខ្លះដល់សង្គមខ្មែរ?
ស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គចន្ទនៅក្រគរ។ ប៉ុន្មានថ្ងៃក្រោយមក ឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុត បានចាប់ផ្ដើមនៅលើសមរភូមិក្រគរ។ ដោយពលទាហានស្លាប់ច្រើនពេក ទ័ពព្រះអង្គចន្ទ ក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញ។ ចៅហ្វ៊ាកៅ ដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាម តែវាយសម្រុកពុំចុះសោះ ក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រហែល៣គីឡូម៉ែតពីសត្រូវ ដើម្បីរង់ចាំជំនួយពីក្រុងស្រឡប់ពិជ័យមកទៀត។
ក្នុងអំឡុងផ្អាកការប្រយុទ្ធនេះ តាពេជ បានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឧឡារិកចំពោះមុខកងទ័ព និងប្រជានុរាស្ត្រក្នុងខេត្ត។ នៅដើមឆ្នាំ១៥១៧ បន្ទាប់ពីព្រឹត្តិការណ៍នេះមក ជ័យជំនះបានមកខាងព្រះចន្ទរាជា។ មេទ័ពស្ដេចកន ចៅហ្វ៊ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញ។ ចាប់ពីពេលនោះមកព្រះអង្គចន្ទក៏ទន្ទ្រានយកបានខេត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរ ខ្លុងក្រង បរិបូរណ៍ បារាយណ៍ ជើងព្រៃ ស្ទោង កំពង់សៀម កំពង់ស្វាយ។ លុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គចន្ទ ដើម្បីផ្អាកសង្គ្រាមមួយរយៈ ទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចំការ។ ការផ្អាកឈប់ប្រយុទ្ធគ្នាត្រូវបានអនុវត្តដោយភាគីដោយសងខាង ហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញ នៅពេលចប់រដូវធ្វើស្រែ។ ចូលមកដល់ខែទី៣នៃឆ្នាំ១៥១៨ កងទ័ពរបស់ព្រះអង្គចន្ទចំនួន១០ ០០០នាក់បានវាយលុកចូលខេត្តសំរោងទង បាទី ទ្រាំង រួចមកវាយចតុមុខទៀត។ ដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចព្រះអង្គចន្ទវិញ។
នៅឆ្នាំ១៥១៩ ក្រោយដែលបានល្បងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេច ស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះចន្ទរាជា ស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមា។ ស្ដេចកនគ្រប់គ្រងត្រើយខាងកើត ហើយគង់នៅក្រុងស្រឡប់ពិជ័យ ឯព្រះចន្ទរាជាត្រួតត្រាត្រើយខាងលិច ហើយគង់នៅឯខេត្តពោធិ៍សាត់។ ចាប់តាំងពីពេលនោះមក សង្គ្រាមរវាងខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួនប្រាំមួយ ប្រាំពីរឆ្នាំ។ មកដល់ឆ្នាំ១៥២៥ទើបព្រះចន្ទរាជារៀបទ័ពវាយលុកស្ដេចកនម្ដងទៀត។ បន្ទាយក្រុងស្រឡប់ពិជ័យ ត្រូវកងទ័ពចន្ទរាជាឡោមព័ទ្ធអស់រយៈពេលបីខែ។ ទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុង។ ចៅហ្វ៊ាកៅជាមេទ័ព និងជាឪពុកមាខាងម្ដាយរបស់ស្ដេចកន ត្រូវស្លាប់នៅនឹងកន្លែង។ ឯស្ដេចកនត្រូវចាប់ខ្លួនបាន និងសម្លាប់ចោល។ តមកព្រះចន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ឯកសារពិគ្រោះ
- សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ២០០០
- ↑ ប្រវត្តិសាស្ត្រខ្មែរ ត្រឹង ងារ ទំ.១២៩-១៣០
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំ.១៣០-១៣២
មើលផងដែរ
- យុគអន្ធកាលនៃកម្ពុជា
- កម្ពុជាសម័យលង្វែក
- អរិយធម៌ខ្មែរនៅសម័យក្រោយអង្គរ (ចតុមុខ-លង្វែក)
- កម្ពុជាសម័យឧដុង្គ